បទ“ទឹកភ្នែកឪពុក” លោកគង្គ ប៊ុនឈឿនមានអនុស្សាវរីយ៍កម្សត់កម្រជាងគេនៅក្នុងឆាកជីវិត ព្រោះជា បទដែលលោកសរសេរសម្រាប់បញ្ចូលក្នុងខ្សែភាពយន្តរឿង“ទឹកភ្នែកឪពុក” ដែលលោកបានថតនៅឆ្នាំ១៩៦៤ ជា ពេលដែលលោកបានជួបស្នេហ៍ជាមួយប្រពន្ធលោក ព្រោះពេលនោះ ប្រពន្ធលោកក៏ដើរជាតួឯកនៅក្នុងរឿងនេះដែរ ។
គួររំលឹកឡើងវិញខ្លះថា ក្រោយពេលដែលលោកគង្គ ប៊ុនឈឿនចេញពីមន្ទីរឃុំឃាំង ព្រោះវិបត្តិប្រលោម លោកឈ្មោះវិមាននរកនោះមក គ្មានបណ្ណាគារណាហ៊ានទទួលសៀវភៅលោកយកទៅបោះពុម្ពឡើយ ដោយគេខ្លាច មានរឿង ទើបលោកមានការលំបាកជាខ្លាំងក្នុងជីវភាពរស់នៅ ។
តែគាប់ជួនពេលនោះ ផលិតកម្មចក្រវាឡភាពយន្ត បានផ្តល់ជាសម្ភារៈ និងលុយកាក់ខ្លះឱ្យលោកមករៀបចំ ថតរឿងទឹកភ្នែកឪពុកនេះ ។ គឺរឿងនេះហើយ ដែលបងប្រុសរបស់លោកឈ្មោះគង្គ ប៊ុនឆោម ត្រូវស្លាប់ពាក់កណ្តាល រឿង ដោយសារមានជំងឺ ហើយពេលនោះ គាត់ក៏ជាតួកំប្លែង និងជាអ្នកកាន់កាមេរ៉ាថតរឿងនោះទៀតផង ។
ចំពោះមុខសភាពការណ៍នេះ លោកគង្គ ប៊ុនឈឿន ត្រូវបង្ខំចិត្តរកលុយមកថតបន្តរឿងនេះឱ្យចប់ ហើយសូម្បីតែពេលដែលយកបទទឹកភ្នែកឪពុកទៅថត ក៏ថតរួចពុំទាន់មានលុយឱ្យថ្លៃឈ្នួលអ្នកចម្រៀង អ្នកភ្លេង និងថ្លៃស្ទីឌីយ៉ូដែរ គឺជំពាក់គេសិន ។ ពេលនោះ លោកខំសម្ងំគូរសៀវភៅរូបភាពបានពីរបីរឿង យកទៅលក់ឱ្យគេ ទើបយកលុយមកសងថ្លៃថតបទទឹកភ្នែកឪពុកនេះ ។
មានប្រផ្នូលជាមេរៀនក្នុងជីវិតថា រឿងអ្វីក៏ដោយ បើដាក់ចំណងជើងថាទឹកភ្នែកនៅពីមុខ មុខជាជួបប្រទះ តែទឹកភ្នែកតាំងពីដើមដល់ចប់ ។ ប៉ុន្តែបទនេះ ពេលដែលចាក់ផ្សាយភ្លាម បានទទួលការនិយមជាខ្លាំងពីគ្រប់មជ្ឈដ្ឋាន ដោយសារពាក្យពេចន៍ទំនុកច្រៀង និងមេឡូឌី ធ្វើឱ្យអ្នកស្តាប់អណ្តែតអណ្តូងទៅដល់ពិភពមួយដែលស្មានមិនត្រូវ ។
លោកគង្គ ប៊ុនឈឿន ក៏មិនភ្លេចគុណដែរ ចំពោះលោកវ៉ោយ ហូរ ដែលជាមិត្តសម្លាញ់រួមអាជីពដូចគ្នា ដែលបានទំនាក់ទំនងនិងជួយសម្រួលការឱ្យលោកបានថតបទទឹកភ្នែកឪពុកនេះ ព្រោះពេលនោះ លោកគ្មានស្គាល់អ្នក ភ្លេង ឬអ្នកចម្រៀងណាម្នាក់ឡើយ ។
បទទឹកភ្នែកឪពុក រៀបចំថតមុនបទលាហើយសោភីនីទៅទៀត ។




0 comments:
Post a Comment