115d42.jpg

រឿងរ៉ាវពិតនៃការតែងនិពន្ធបទ ម្លប់ដូងទី ១០ របស់កវីគង្គ ប៊ុនឈឿន







រឿងរ៉ាវពិតនៃការតែងនិពន្ធបទ ម្លប់ដូងទី ១០

​ប្រវត្តិ​ដើម​បទ​“​ម្លប់​ដូង​ទី​១០” បានចាប់កំណើត​ឡីង​នៅក្នុង​កំណត់ហេតុនិពន្ធ​របស់​លោកគ​ង្គ ប៊ុន​ឈឿន អំពី​ប្រវត្តិ​ស្នេហ៍​ឈឺចាប់​របស់លោក​ជាមួយ​នារី​ក្រមុំ​ជា​កូនស្រី​អ្នកជិតខាង​របស់​លោក​ម្នាក់​តាំងពី​ឆ្នាំ​១៩៦៩​ម្ល៉េះ ។ ប៉ុន្តែ កំណត់ហេតុ​និពន្ធ​នេះ លោក​បាន​ត្រឹមតែ​តាក់តែង​ទុក​ចោល​នៅ​ក្នុង​សៀវភៅ​ប៉ុណ្ណោះ លោក​មិន​ទាន់​បាន​បញ្ចោ​ញ​ឱ្យ អ្នកចម្រៀង​ណា​ម្នាក់​បកស្រាយ​នៅឡើយ ។ រហូតដល់​ឆ្នាំ​១៩៧២ ទើប​លោក​រៀបចំ​បទ​នេះ​ឡើងវិញ ដើម្បី​ថត ផ្សាយ ។​
​ ​ខេត្ត​បាត់ដំបង ជា​ទឹកដី​កំណើត​របស់​លោក​គ​ង្គ ប៊ុន​ឈឿន ដែល​បាន​ចិញ្ចឹម​រូបលោក​តាំង​ពី​តូច ដល់​ធំ ក្នុង​បរិយាកាស​មួយ​ដ៏​ស្រងេះស្រងោច​ពន់ប្រមាណ ។ ឯ​ស្ទឹង​សង្កែ ក៏​ជា​ស្ទឹង​ទឹកខ្មៅ​សម្រាប់​ជីវិត​កវីនិពន្ធ របស់លោក ដែល​លោក​ជ្រលក់​សរសេរ​មិនចេះ​រីងស្ងួត​ដែរ មិនតែប៉ុណ្ណោះ វា​ជា​កន្លែង​មួយ​បណ្តុះ​អនុស្សាវរីយ៍​រាប់​មិន អស់ នៅ​ក្នុង​ឆាកជីវិត​ស្នេហា​បឋមវ័យ​របស់លោក​ទៀតផង ។​






​ក្នុងចំណោម​ដើម​ដូង​ទាំង​ជួរ​នៅ​ត្រើយ​ខាងលិច​ស្ទឹង​សង្កែ មាន​ដើម​ដូង​មួយ​ស្ថិត​នៅ​ចំ​ពីមុខ​កំពង់ វត្ត​វាល និង​មាន​កៅអី​ថ្ម​មួយ ដែល​លោក​គ​ង្គ ប៊ុនុ​ឈឿន​ធ្លាប់ទៅ​អង្គុយ​បណ្តែត​អារម្មណ៍នៅ​រាល់ពេ​លទឹក​ជន់ និង ទឹក​ស្រក ។​
​ ​កាលណោះ នៅ​ចំ​ពេល​ដែល​ដំណើរ​ជីវិត​របស់​លោក​គ​ង្គ ប៊ុន​ឈឿន បាន​ធ្លាក់ចុះ​ដុនដាប​មែន ទែន ។ ម្តាយ​របស់​លោក​បាន​ឈឺ​ស្លាប់​នៅ​ក្រោមផ្ទះ​របស់​គេ លោក​បាន​លះបង់​ការសិក្សា ហើយ​គ្មាន​ការងារ​ធ្វើ ទេ ។ កូនស្រី​អ្នកជិត
ខាង​របស់​លោក​ម្នាក់ ដែល​លោក​បាន​លួច​ស្រឡាញ់ ហើយ​ដែល​នាង​ធ្លាប់​បាន​សច្ចា​ស្បថស្បែ ថា​ស្មោះស្ម័គ្រ ស្រឡាញ​តែ​លោក​ដែរ​នោះ បាន​ប្រែចិត្ត​បោះបង់​លោក​ចោល​ដោយ​គ្មាន​អាល័យ ។ លោក គ​ង្គ ប៊ុន​ឈឿន បាន​និយាយថា​“​ពេល​មួយ​ខ្ញុំ​បាន​ណាត់​ជួប​នាង​នៅ​មាត់​ស្ទឹង​សង្កែ ក្រោម​ម្លប់​ដើម​ដូង​ទី​១០ តែ​នាង មិន​មក ទោះ​ជា​ខ្ញុំ​បាន​ណាត់​សន្យា​កាលពី​ថ្ងៃ​ហើយ​ក៏​ដោយ​” ។​






​ទឹក​ជន់ ទឹក​ហូរ​កាច​ស្ទឹង បោះពួយ​នាំ​ព​ពុះ​សំណាត់​រសាត់​ទៅកាន់​បឹង​ទន្លេសាប ដោយ​គ្មាន​វិល ត្រឡប់ ពាំនាំ​ទាំង​ស្នេហា​អស់សង្ឃឹម​របស់​លោក​គ​ង្គ ប៊ុន​ឈឿន ទៅ​ជាមួយ​ផង ធ្វើ​ឱ្យ​បេះ​ដូង​លោក​មាន​របួស ...​។ រហូតមកដល់​ឆ្នាំ​១៩៧២ ទើប​លោក​គ​ង្គ ប៊ុន​ឈឿន រៀបចំ​បទ​ចម្រៀង​ដែល​លោក​បាន​តាក់តែង​ទុកចោល នៅក្នុង​សៀវភៅ​ឡើង ដើម្បី​ថត​ផ្សាយ ដោយ​ដាក់​ចំណងជើង​ថា​“​ម្លប់​ដូង​ទី​១០” ហើយ​លោក​ស៊ីន ស៊ី​សាមុត​ជា​អ្នក ច្រៀង ។​
​ ​បទ​“​ម្លប់​ដូង​ទី​១០”​នេះ លោក​ស៊ីន ស៊ី​សាមុត​ច្រៀង​ផង ខ្សឹកខ្សួល​អួលដើមក​ផង ហាក់ដូចជា លោក​ជួយ​រួមចំណែក​កាន់ទុក្ខ​អតីត​ស្នេហា​របស់​លោក​គ​ង្គ ប៊ុន​ឈឿន ដែល​មាន​កំណើត​ឡើង​នៅ​មាត់​ស្ទឹង​សង្កែ ហើយ​ត្រូវ​រលាយ​ទៅវិញ​នៅ​មាត់​ស្ទឹង​សង្កែ​នោះ​ដែរ ។​
​ ​បទ​នេះ ស្ថិតនៅ​ក្នុង​កម្រង​ចម្រៀង​“​កំលោះ​ហុងដា កញ្ញា​ប៉េសេ​” ដែល​មាន​ប្រជាប្រិយភាព​ចំពោះ អ្នក​ស្នេហា​តន្ត្រី រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ ឥត​មាន​ស្រកស្រុត​ឡើយ ។






ម្លប់ដូងទី ១០


បទភ្លេងទំនុកច្រៀង៖ គង្គ ប៊ុនឈឿនសម្រួលតន្ត្រី៖ ហាស់ សាឡន
ច្រៀងដោយ៖ ស៊ីន ស៊ីសាមុត






- ​មើល​ស្ទឹង​សង្កែ​ ​មើល​ខ្សែទឹក​ហូរ​ ​រគាំង​វត្ត​ពោធិ​
​ លាយ​នឹង​ជំនោ​រ​ ​ថ្ងួចថ្ងូរ​ផ្តាំ​ពេល​សាយ​ណ្ណ​
​ រៃ​យំ​ទ្រ​ហ៊ឹង​ ​លា​ស្ទឹង​កវីនិពន្ធ​
​ សុរិយា​ទោរទន់​ ​ពួន​ក្រោយ​ផ្ទះ​ស្រី ។​
-​ ​ដើម​ដូង​ទី​ដប់​ ​ម្លប់​គ្រប​មាត់​ស្ទឹង​ ​បង​ឈរ​រំពឹង​
​ ​ឈរ​ចាំ​ព្រលឹង​ ​ស្ងាត់ឈឹង​កណ្តាលរាត្រី​
​ ​អូន​ភ្លេច​សន្យា​ ​ដែល​បាន​វាចា​ពីថ្ងៃ​
​ ថា​ម៉ោង​ប្រាំបី​ ​ស្រី​មក​ជួប​បង ។​
​R-​​ ឥឡូវ​ស្ងាត់​សូន្យ​ ​ដូន​ក្បូន​រសាត់​
​ ទឹក​កួច​សំណាត់​ ​ហូរ​លឿន​កន្លង​
​ ​បុណ្យផ្កា​វត្ត​ពោធិ​ ​នៅ​មិនទាន់​ឆ្លង​
​ មិនគួរ​នួនល្អង​ ​បែរខ្នង​សូន្យសោះ ។​
​៣-ភ្លេង​ការ​គ្រឹមៗ​ ​ពី​ទួល​តា​ឯក​ ​ក្លាយ​ជា​ខ្លងខែក​
​ នារី​ពស់វែក​ ​បិទ​ភ្នែក​រៀបការ​នឹង​ប្រុស​
​ បង​ឈរ​មាត់​ស្ទឹង​ ​ប្រឹង​យំ​រងំ​ក្នុង​ពោះ​
​ ​លា​ស្រី​ស្រោម​ងោះ​ ​ឈ្មោះ​ក្នុង​ជា​ខ្លា ។​



Share on Google Plus

About pvisal

    Blogger Comment
    Facebook Comment

0 comments:

Post a Comment